បាត់ដំបង បេះដូងនៃទីក្រុងអាណានិគម ប្រមូលផ្តុំនូវរឿងរ៉ាវកាលពីអតីតកាល រុញច្រានដួងចិត្តភ្ញៀវទេសចរឲ្យបន្តទិញវត្ថុអនុស្សាវរីយ៍យ៉ាងប្រណីតៗពីក្រុងមួយនេះ
ក្រុងបាត់ដំបង ជាក្រុងមួយបានបន្សល់នូវមរតកដ៏សម្បូរបែបផ្នែកបេតិកភណ្ឌ ប្រវត្តិសាស្ត្រក៏ដូចជាការរចនា អគារ និងទ្រង់ទ្រាយសំណង់ដែលឆ្លុះបញ្ចាំងពីដំណាក់កាលខុសៗគ្នានៃប្រវត្តិសាស្ត្ររបស់ក្រុងនេះ។ នៅផ្នែកកណ្ដាលក្រុងចន្លោះផ្លូវលេខ១ និងផ្លូវលេខ៣ មានអគារបេតិកភណ្ឌចំនួនជាង៨០០អគារដែលសាងសង់ឡើងនៅក្នុងសម័យកាលបារាំង និងអគារមួយចំនួនទៀតសាងសង់ឡើងក្នុងសម័យសង្គមរាស្រ្តនិយមដែលអគារទាំងអស់នោះស្ថិតនៅលាយឡំនឹងចម្រុះគ្នាជាហូហែរ។ នៅផ្នែកខាងក្រៅនៃតំបន់នេះ យើងក៏អាចសម្គាល់បាននូវអគារមួយចំនួនទៀតដែរ ដែលជាអគារបេតិកភណ្ឌដ៏លេចធ្លោដូចជា សកលវិទ្យាល័យបាត់ដំបងដែលស្ថិតនៅផ្នែកខាងកើតនៃទីក្រុងដែលជាស្នាដៃមួយតំណាងឱ្យវិស័យស្ថាបត្យកម្មខ្មែរថ្មី អគារវីឡាដទៃទៀត និងផ្ទះបុរាណទាំងឡាយដែលស្ថិតនៅតាមដងស្ទឹងសង្កែ។ អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះគឺនៅស្ទើរតែពេញទូទាំងក្រុងបាត់ដំបងសម្បូរទៅដោយវត្តអារាមព្រះពុទ្ធសាសនាដែលមានលក្ខណៈល្អពិសេស ហើយជាអគារដែលបង្ហាញពីបេតិកភណ្ឌផ្នែកសាសនានៃក្រុងទាំងមូល។ អគារបេតិកភណ្ឌប្រវត្តិសាស្ត្រទាំងអស់នេះហើយដែលផ្ដល់ឱ្យក្រុងបាត់ដំបងនូវលក្ខណៈពិសេស និងសោភ័ណភាពដោយឡែកមួយខុសពីក្រុងដទៃទៀត។ កាលពីឆ្នាំ២០១៤កន្លងទៅនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានផ្តល់ចំណាត់ថ្នាក់ទីក្រុងស្អាតជាងគេរបស់ប្រទេសកម្ពុជានេះទៅឱ្យក្រុងបាត់ដំបង ដោយផ្អែកលើកត្តាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរសម្រាប់ប្រជាជន និងភ្ញៀវទេសចរ។ គួររំលឹកផងដែរថាក្រុងបាត់ដំបងបានស្ថិតនៅក្រោមការកាន់កាប់ពីសំណាក់ប្រទេសសៀម (ថៃ) អស់អំឡុងពេលជាង១ទស្សវត្សរ៍ក្នុងឆ្នាំ១៧៩៥ ដល់១៩០៧។ ស្របពេលជាមួយគ្នានេះដែរ គេបានសាងសង់អគារផ្សេងៗដែលជាទីកន្លែងធំៗក្នុងក្រុងមានដូចជា ផ្សារណាត់ (ផ្សារគ្មានដំបូល) វត្តអារាម កំផែងរាងចតុកោណ ព្រមទាំងដំណាក់របស់លោកម្ចាស់ដែលបានសាងសង់ឡើងក្នុងឆ្នាំ១៨៣០។ អ្វីដែលមិនគួរមើលរំលងក្រៅពីតំបន់ទេសចរណ៍សំខាន់ៗ ប្រិយមិត្តអាចរកជាងវត្ថុអនុស្សាវរីយ៍មួយចំនួន ក៏ដូចជាផ្លែក្រូចពោធិ៍សាត់ដ៏ផ្អែមពិសាផ្ញើជូនក្រុមគ្រួសារផងដែរ។ ទស្សនាវដ្ដី សូវរីន សូមបង្ហាញជូនប្រិយមិត្តនូវហាងលក់វត្ថុអនុស្សាវរីយ៍ប្រណីតៗមួយចំនួនដូចខាងក្រោមនេះ។ La Fabrik ជាហាងលក់វត្ថុអនុស្សរីយ៍មួយកន្លែងដែលស្ថិតនៅលើផ្លូវលេខ២.៥ ក្នុងក្រុងបាត់ដំបងជាមួយការរចនាហាងយ៉ាងស្រស់បំព្រងដោយមានដាំដើមឬស្សីអមសងខាង។ ហាងមួយនេះដំណើរការបានរយៈពេលជិត១ឆ្នាំមកហើយ ដោយមានលោក Piera Bovoa និងអ្នកនាង Katia Vignot ដែលជាជនជាតិបារាំងជាស្ថាបនិក។ ជាមួយទឹកមុខញញឹមរួសរាយរាក់ទាក់របស់ស្វាមីភរិយាមួយគូនេះមកកាន់ក្រុមការងារ សូវរីន ថា៖ La Fabrik មានលក់វត្ថុអនុស្សាវរីយ៍ដែលផលិតឡើងពីស្នាដៃកូនខ្មែរមានដូចជា៖ គ្រឿងថែរក្សាស្បែក គ្រឿងអលង្ការធ្វើដោយដៃ និងប៉ុស្ដ៍កាត។ល។ ប៉ុន្តែដូចជាគ្រឿងសំអាងថែរក្សាស្បែកមួយចំនួន ភរិយារបស់លោកគឺជាអ្នកផលិតដោយផ្ទាល់ ដូចជាអំបិលខាត់ស្បែកដែលផលិតឡើងពីក្លិនផ្កាឬផ្លែឈើ ដែលមាននៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដង មានដូចជាក្លិនក្រូចពោធិ៍សាត់ ស្លឹកគ្រៃ ម្រេច ផ្កាចំប៉ី ដូងទុំ កាហ្វេជាដើម។ លោក Piera Bovoa បានបន្តថា អ្នកខ្លះគិតថាហាងដែលបើកនៅស្រុកខ្មែរដោយបរទេសគឺវត្ថុក្នុងនោះប្រាកដជាមានតម្លៃថ្លៃ ប៉ុន្តែមិនដូច្នេះទេហាងនេះគឺលក់ក្នុងតម្លៃសមរម្យដែលបងប្អូនប្រជាជនខ្មែរអាចទិញយកទៅប្រើប្រាស់បាន។
Bric-à-Brac Battambang ជាហាងលក់វត្ថុអនុស្សាវរីយ៍វាយនភណ្ឌសម័យបុរាណមួយកន្លែងដែលស្ថិតនៅចន្លោះផ្លូវលេខ២ និង២.៥ ក្នុងក្រុងបាត់ដំបង។ គ្រាន់តែបានឈានជើងចូលក្នុងហាងនេះភ្លាមយើងហាក់មានអារម្មណ៍ថា វត្ថុប្រើប្រាស់បុរាណៗតាំងពីសម័យមុនបានផុសត្រដែតខ្លួនអង្រួនបេះដូងភ្ញៀវទេសចរឱ្យជក់ចិត្តដិតអារម្មណ៍។ បើតាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់នៅក្នុងហាងបានឱ្យដឹងថា៖ ហាង Bric-à-Brac Battambang បានបើកដំណើរការរយៈពេលជិត២ឆ្នាំមកហើយ វត្ថុអនុស្សាវរីយ៍ទាំងអស់ផលិតឡើងពីស្នាដៃកូនខ្មែរដោយផ្ទាល់នឹងមានប្រហែលជា១០ភាគរយយកមកពីប្រទេសមីយ៉ាន់ម៉ា។ ប្រសិនបើភ្ញៀវទេសចរមកកម្សាន្តនៅខេត្តបាត់ដំបងហើយចាប់អារម្មណ៍ជាមួយវត្ថុបុរាណចាស់ៗ និងសម្ភារវត្ថុអនុស្សាវរីយ៍ដែលធ្វើឡើងពីស្នាដៃកូនខ្មែរដោយផ្ទាល់អាចអញ្ចើញមក Bric-à-Brac Battambang ព្រោះនៅទីនេះសម្បូរទៅដោយវត្ថុអនុស្សាវរីយ៍ចម្រុះគ្រប់មុខ។ ជាចុងក្រោយលោក តារា ដែលជាបុគ្គលិកប្រចាំហាងសូមធ្វើការអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ឱ្យបន្តគាំទ្រវត្ថុអនុស្សាវរីយ៍ដែលផលិតឡើងពីស្នាដៃកូនខ្មែរ និងបន្តប្រើប្រាស់នូវសម្ភារមួយចំនួនដែលជាស្នាដៃរបស់ដូនតាខ្មែរយើងបានបន្សល់ទុកឱ្យ។
Romcheik Pram ស្ថិតក្នុងភូមិរំចេក៥ វិចិត្រសាលមួយកន្លែងបានផុសត្រដែតខ្លួនឡើងកណ្ដាលភូមិដែលព័ទ្ធជុំវិញទៅដោយដើមឈើយ៉ាងត្រឈឹមត្រឈៃ។ Romcheik Pram ជាកន្លែងតាំងលក់គំនូរដែលគូរឡើងដោយវិចិត្រករដៃឯកដែលមានស្រុកកំណើតនៅបាត់ដំបងផ្ទាល់តែម្ដង។ នៅផ្នែកខាងក្នុងជាន់ផ្ទាល់ដីនៃវិចិត្រសាលនេះមានតាំងបង្ហាញផ្ទាំងគំនូរយ៉ាងវិចិត្រ និងបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន។ ដោយឡែកជាន់ខាងលើក៏មិនខុសគ្នាដែរគឺរូបគំនូរដែលដាក់តាំងលក់នៅទីនោះសុទ្ធតែមានរូបភាពទាក់ទាញមួយបែបផ្សេងៗគ្នា។ ហើយភាគច្រើនភ្ញៀវបរទេសចូលចិត្តទៅទស្សនាឬទិញផ្ទាំងគំនូរនៅ Romcheik Pram ព្រោះតែតម្លៃនិងគុណភាពល្អរបស់ផ្ទាំងរូបភាពនីមួយៗដែលជាស្នាដៃកូនខ្មែរ។
Battambang Travelers ប្រសិនបើភ្ញៀវទេសចរចង់បានវត្ថុអនុស្សាវរីយ៍សម្លៀកបំពាក់បែបខ្មែរអ្នកអាចអញ្ចើញមកកាន់ហាង Battambang Travelers។ ជាមួយនឹងការរចនាហាងបែបសាមញ្ញបន្តិច ប៉ុន្តែគ្រប់វត្ថុអនុស្សាវរីយ៍សុទ្ធតែជារបស់ដែលកែច្នៃឡើងពីក្រម៉ា និងវត្ថុប្រើប្រាស់មួយចំនួនដែលជារបស់ខ្មែរផងដែរ។ មូលហេតុដែលនាំឱ្យម្ចាស់ហាងនេះបើកលក់វត្ថុអនុស្សាវរីយ៍បែបនេះ ក៏ព្រោះតែគាត់ចង់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រឡប់ទៅផ្ទះឬប្រទេសរបស់ពួកគាត់វិញព្រមជាមួយវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃកូនខ្មែរហើយជាវត្ថុប្រចាំនៅខេត្តបាត់ដំបង ហើយវាក៏អាចជាគ្រឿងរំលឹកដល់អនុស្សាវរីយ៍ពេលដែលអ្នកមកកាន់ខេត្តនេះផងដែរ។
ដោយឡែកពីវត្ថុអនុស្សារីយ៍ខាងលើ ក្រូចពោធិ៍សាត់ជាផ្លែឈើល្បីប្រចាំខេត្តបាត់ដំបងផ្ទាល់តែម្ដងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពេលដែលបានមកដល់លើទឹកដីបាត់ដំបង ហើយតែងតែទិញផ្លែក្រូចយកទៅពិសាគ្រប់ៗគ្នា ព្រោះឱជារសដ៏ផ្អែមឆ្ងាញ់។ សូវរីន សូមណែនាំ ទីតាំងលក់ក្រូចពោធិសាត់មួយកន្លែងដែល ភាគច្រើនមានលក់នៅប្របត្រើយខាងលិចជ្រាំងស្ទឹងសង្កែខាងត្បូងសាលាខេត្តបាត់ដំបង ចម្ងាយ១៥០ម៉ែត្រ និងខាងជើងផ្សារលើ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទីតាំងទី២ មានលក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងកើតរូបសំណាកតាដំបងក្រញ៉ូងចំងាយ ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបែកចានថ្មីសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ស្ថិតក្នុងផ្ទះល្វែងមួយរៀងចំណាស់បន្តិច ស្ថិតក្នុងក្រុងបាត់ដំបងផ្លូវលេខ៣ យើងបានពើបប្រទះកន្លែងជួលឬលក់សៀវភៅចាស់ៗមួយកន្លែង ដែលមានការរៀបចំតាំងបង្ហាញសៀវភៅគ្រប់ប្រភេទយ៉ាងមានរបៀបរៀបរយ គួរឱ្យទាក់ទាញ។ អ៊ំប្រុសម្នាក់ដែលជាអ្នកប្រកបរបរលក់ និងជួលសៀវភៅនេះបានប្រាប់ សូវរីន ឱ្យដឹងថាដោយសារតែការចូលចិត្ត និងស្រឡាញ់ការអានសៀវភៅតាំងពីវ័យក្មេង ទើបបានជាអ៊ំបង្កើតកន្លែងសម្រាប់ជួល និងលក់សៀវភៅចាស់ដែលមានដូចជា ប្រភេទរឿងប្រលោមលោក និទាន និងសៀវភៅសិក្សាអប់រំមួយចំនួនទៀតដល់សិស្សនិស្សិតជំនាន់ក្រោយដែលចូលចិត្តការសិក្សាស្រាវជ្រាវ។ ក្រៅពីការជួលសៀវភៅដល់សិស្សនិស្សិតនៅក្នុងខេត្តហើយនោះ អ៊ំក៏បានជួលសៀវភៅទាំងនេះដល់ខេត្តបន្ទាយមានជ័យ សៀមរាប និងប៉ៃលិនផងដែរ។ ហើយជានិច្ចកាលក៏មានភ្ញៀវបរទេសមួយចំនួនចូលមកអានសៀវភៅ និងជួយទិញសៀវភៅចាស់ពីអ៊ំប្រុសខ្លះដែរ។ ចំពោះអ្នកដែលចូលចិត្តអានសៀវភៅចាស់ៗ ហើយបានមកបាត់ដំបងកុំភ្លេចសាកល្បងមកទិញ ឬអានសៀវភៅដែលភាគច្រើនសម្បូររឿងប្រលោមលោកបែបចាស់ៗ។ ចំណែកតម្លៃមិនថ្លៃទេក្នុងមួយក្បាលគាត់លក់តម្លៃតែ១ម៉ឺនរៀលតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថាហាងដែលមានដាក់តាំងលក់គ្រឿងសង្ហាររឹម និងវត្ថុអនុស្សាវរីយ៍សំខាន់ជាងគេស្ថិតនៅតាមបណ្តោយប្របសួនខាងលិចមាត់ស្ទឹងសង្កែផ្លូវលេខ១ចាប់ពីស្ពានឯកឧត្តម ស ខេង រហូតដល់ផ្សារណាត់ ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ថែមទាំងមានបណ្ណាគារឯកជន និងហាងផ្សេងៗសម្រាប់បម្រើសំខាន់លើវិស័យទេសចរណ៍។ ម្យ៉ាងទៀតទីកន្លែងនេះសម្បូរដោយភ្ញៀវទេសចរ អ្នកមូលដ្ឋានដើរលម្ហែកាយ ហាត់ប្រាណដើម្បីសុខភាពដើរឆ្លងកាត់ទៅមកជាអចិន្រ្តៃយ៍៕
ដកស្រង់ចេញពី:
បាត់ដំបង បេះដូងនៃទីក្រុងអាណានិគម
Reviewed by Unknown
on
October 31, 2017
Rating:
No comments: