លោក សៅ សុខា៖ គ្រូមកពីឋានណា ក៏ពិបាកដឹកនាំកីឡាករកម្ពុជាដែរ ព្រោះ…?

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានលើកឡើងថា ខណៈពេលនេះ សហព័ន្ធកំពុងស្វែងរកគ្រូមកបន្ដវេនលោក Leonardo Vitorino ដែលសហព័ន្ធទើបបញ្ឈប់កាលពេលថ្មីៗ ដើម្បីដឹកនាំឲ្យបានសមស្របទៅនឹងកម្រិតសមត្ថភាពរបស់កីឡាករកម្ពុជា ។ តែលោកបានអះអាងថា កម្រិតកីឡាករកម្ពុជាបច្ចុប្បន្ន គ្រូមកពីប្រភពណាក៏ពិបាកដឹកនាំដែរ ព្រោះកីឡាករ ៩៩% ចេះលេងខ្លួនឯង ។ ប្រមុខថ្នាក់ដឹកនាំបាល់ទាត់ដ៏មានឥទ្ធិពលរូបនេះ បានថ្លែងថា៖ «វាពិបាកបន្ដិច! គ្រូបង្វឹកណាក៏ដោយ ដែលមកបង្ហាត់កីឡាករខ្មែរ គឺពិបាកហើយ ។ សួរថា ពិបាករឿងអី? កីឡាបាល់ទាត់យើងសព្វថ្ងៃប្រហែល ៩៩% គឺសុទ្ធតែចេះទាត់បាល់ដោយខ្លួនឯង គ្មានទៅរៀនពីសាលាបាល់ទាត់ណាមកទេ ស្រលាញ់បាល់ទាត់ លេងបាល់ទាត់ គឺចេះដោយខ្លួនឯង ។ គ្រូមកបង្វឹកបាល់ទាត់ គ្រូហ្នឹងប្រៀបបានគ្រូកម្រិតឧត្តមសិក្សា តែដល់កីឡាករមករៀន មិនរៀនពីទ្រឹស្ដីទេ គឺរៀនតែទាត់បាល់ធ្វើម៉េចឲ្យត្រង់ ចឹងគឺវាពិបាកណាស់» ។


លោក សៅ សុខា បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់ និងទទួលទឹកប្រាក់ចំនួន ៧ម៉ឺនដុល្លារពីក្រុមហ៊ុន SCG ដែលទទួលបានពីការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុម Cambodian All Star និងក្រុមខ្លាំងថៃ Muangthong United លើកទី២ នៅសណ្ឋាគារភ្នំពេញ កាលពីម្សិលមិញ ។ តែយ៉ាងណាប្រធានសហព័ន្ធដដែល បានប្ដេជ្ញាព្យាយាមអភិវឌ្ឍន៍វិស័យកីឡាដ៏មានសក្ដានុពលមួយនេះ ឲ្យមានការរីកចម្រើនលើទឹកដីកម្ពុជា ទោះបីប្រើរយៈពេលយូប៉ុណ្ណាក៏ដោយ ពិសេសគឺការជ្រើសរើសគ្រូបង្វឹក ដើម្បីដឹកនាំគោព្រៃកម្ពុជាឲ្យទទួលបានលទ្ធផលល្អប្រសើរឡើងវិញ ៕

អត្ថបទ៖ បុត្រា


ប្រភព http://www.camsports.org
លោក សៅ សុខា៖ គ្រូមកពីឋានណា ក៏ពិបាកដឹកនាំកីឡាករកម្ពុជាដែរ ព្រោះ…? លោក សៅ សុខា៖ គ្រូមកពីឋានណា ក៏ពិបាកដឹកនាំកីឡាករកម្ពុជាដែរ ព្រោះ…? Reviewed by Unknown on October 26, 2017 Rating: 5

No comments:

Powered by Blogger.